សិក្ខាសាលាអន្តរក្រសួង “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥”

សិក្ខាសាលាអន្តរក្រសួងកម្រិតបចេ្ចកទេស​ ​ ដើម្បីពិភាក្សា ​លើ​សេចក្តីព្រាង “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥”
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥
នៅសណ្ឋាគារ  CAMBODIANA, រាជធានីភ្នំពេញ។

សុន្ទរកថាបើកសិក្ខាសាលារបស់ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ៖

សុន្ទរកថាបើកសិក្ខាសាលារបស់ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ។ ឯកឧត្តមបានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះសិក្ខាកាមដែលអញ្ចើញមកពីស្ថាប័នពាក់ព័ន្ធ ជាពិសេសតំណាង UNFPA ចំពោះការបន្តការគាំទ្រនិងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេស ចំពោះកិច្ចសហការប្រកបដោយផ្លែផ្កាជាមួយនឹងក្រសួងផែនការ ក្នុងការងារផែនការ និងស្ថិតិ។ 

ដោយហេតុថាការធ្វើបច្ចុប្បន្នភាព “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥” គឺជាការងាររួមមួយដ៏សំខាន់របស់យើងទាំងអស់គ្នា។ ឯកឧត្តមបានរំលេចនូវទិដ្ឋភាពសំខាន់ចំនួន២ ដែលពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគោលនយោបាយនេះ ៖ (ទី១) បរិការណ៍រួមដែលតម្រូវឲ្យធ្វើបច្ចុប្បន្នភាព “គោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣” និង (ទី២) ខ្លឹមសារសំខាន់ៗរបស់ “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥” ក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់អំពីភាពចាំបាច់របស់ការងារនេះ ។ ទិដ្ឋភាពទី១ ៖ អនុលោមតាមការតម្រង់ទិសជាលក្ខណៈគោលនយោបាយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ការងារធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការអនុវត្តសកម្មភាពនយោបាយអាទិភាព ដែលផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ បានកំណត់។ ទិដ្ឋភាពទី២៖ ដោយហេតុថា ឌីណាមិកប្រជាសាស្ត្រជាបញ្ហាពាក់ព័ន្ធនឹង ការអភិវឌ្ឍជាលក្ខណៈអន្តរវិស័យ និងមានចរិកពហុវិស័យ យើងទទួលស្គាល់ថា ការបញ្ចូលបញ្ហាប្រជាសាស្ត្រ ទៅក្នុងការធ្វើផែនការអភិវឌ្ឍតាម វិស័យ គឺជាការចាំបាច់។ ក្នុងន័យនេះ គោលនយោបាយជាតិប្រជាជន ត្រូវគិតគូរដល់ការបញ្ចូលបញ្ហាប្រជាសាស្ត្រ ដោយមានលក្ខណៈប្រទាក់ក្រឡាគ្នាទៅក្នុងវិស័យជាច្រើន។





ចំណាប់អារម្មណ៍របស់លោក បណ្ឌិត Marc Derveeuw តំណាង UNFPA ប្រចាំព្រះរាជាណាចក្រកម្ពុជា៖

លោកបណ្ឌិត បានបង្ហាញនូវចំណាប់អារម្មណ៍ថា ប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ហើយជាពិសេស គឺបម្រែបម្រួលជាច្រើនទាក់ទងខាងប្រជាសាស្ត្រ។ ប្រទេសកម្ពុជាកំពុងទទួលបាននូវផលប្រយោជន៍ពីលាភប្រជាសាស្ត្រ ដែលមនុស្សពេញវ័យធ្វើការមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាឱកាសជំរុញឲ្យមានកំណើនសេដ្ឋកិច្ចលឿន ហើយនេះក៏ជាកាលានុវត្តភាពដ៏ល្អប្រសើរនាពេលអនាគតផងដែរ។ 

ការចូលរួមក្នុងសិក្ខាសាលាដើម្បីពិភាក្សាលើសេចក្តីព្រាង NPP2015 នេះមានសា្ថប័នរាជរដ្ឋាភិបាល,ដៃគូអភិវឌ្ឍន៍នានា និងអង្គការសង្គមស៊ីវិលជាច្រើន ចូលរួមផ្តល់មតិយោបល់ស្ថាបនា និងកែលម្អ ដែលនេះគឺជាគំរូប្រជាធិបតេយ្យដ៏ល្អមួយសម្រាប់អនាគតកម្ពុជា។ ជាចុងក្រោយលោកបណ្ឌិតបានកោតសរសើរ ដល់ក្រសួងផែនការ និងថ្នាក់ដឹកនាំ អបអ ទាំងអស់ដែលបានរៀបចំឯកសារគោលនយោបាយនេះ បានល្អ ហើយខាង UNFPA រំពឹងទុកថា ឯកសារគោលនយោបាយនេះ នឹងចេញជាផ្លែផ្កានៅចុង ឆ្នាំ២០១៥ នេះ។





បូកសរុប និងជំហានបន្ទាប់៖

បន្ទាប់ពីមានការយល់ព្រមលើឯកសារគោលនយោបាយជាតិប្រជាជន យើងត្រូវការរៀបចំផែនការ​ សកម្មភាពលម្អិត ដោយមានការចង្អុលបង្ហាញពីធនធាន និងពេលវេលាជាក់លាក់ដោយឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ ដែលទទួលបានពីក្រសួង ស្ថាប័ននានាលើការតម្រង់ទិសនយោបាយ ក្នុងពេលដំណើរការបង្កើតគោលនយោបាយនេះ។ សកម្មភាពចម្បងនេះត្រូវតែធ្វើភ្លាម ដែលត្រូវបម្លែងពីកម្មវិធីទៅជាសកម្មភាព ដែលត្រូវវេញបញ្ចូលទៅក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងត្រូវបានត្រួតពិនិត្យក្នុងចន្លោះពេលដែលបានកំណត់។
Related Posts Plugin for WordPress, Blogger...

RECENT POST