សិក្ខាសាលា “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥” ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥

លទ្ធផលសិក្ខាសាលាអន្តរក្រសួងកម្រិតនយោបាយ​ ​ ដើម្បីពិភាក្សា ​លើ​សេចក្តីព្រាង “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥”
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥
នៅសណ្ឋាគារ  CAMBODIANA, រាជធានីភ្នំពេញ
គោលបំណង និង ពេលវេលា ៖
គោលបំណងនៃសិក្ខាសាលា គឺកែលម្អភារកិច្ចនិងតួនាទី ពីថ្នាក់ដឹកនាំជាន់ខ្ពស់តាមក្រសួងនីមួយៗ និងប្រមូលយកនូវធាតុចូល (inputs) បន្ថែមទៀត ដើម្បីកែលម្អឯកសារគោលនយោបាយ​នេះឲ្យកាន់តែមានភាពសុក្រិត ស៊ីជម្រៅ និងគ្រប់ជ្រុង​ជ្រោយ របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការទទួលខុសត្រូវ​អនុវត្ត​គោលនយោ​បាយជាតិប្រជាជន ឆ្នាំ២០១៥ ដែលឆ្លុះបញ្ចាំងពី​ស្ថានភាព​​ជាក់ស្តែងនៃបម្រែបម្រួល​ប្រជាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។

មតិស្វាគមន៍ និង បើកអង្គសិក្ខាសាលា ៖
-      ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខា​ធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ (អបអ) បានឡើងធ្វើរបាយការណ៍សង្ខេបជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល ។ ឯកឧត្តមបានលើកឡើងដោយសង្ខេប អំពី (១) ក្របខ័ណ្ឌស្ថាប័ន និង គោលនយោបាយ៖ អំពីក្របខ័ណ្ឌស្ថាប័ន៖  ក្រសួងផែនការ បានទទួលបេសកម្មនិងភារកិច្ចដ៏សំខាន់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាព គោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣ ព្រោះថា នេះជាពេលវេលាមួយដ៏សមស្របបំផុតនៅក្នុងបរិការណ៍ដែលប្រទេសជាតិ មានការវិវឌ្ឍទៅមុខឥតឈប់ឈរ ទាំងកត្តាប្រជាសាស្រ្ត ទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ អំពីក្របខ័ណ្ឌគោលនយោបាយ៖ ការតម្រង់ទិសជាលក្ខណៈ គោលនយោបាយ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងសកម្មភាពគោលនយោបាយជាអាទិភាព ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។​ 
   លើសពីនេះ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយនេះ ក៏បាន​ផ្អែកលើ របៀបវារៈអភិវឌ្ឍន៍របស់សន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងការអភិវឌ្ឍ (International Conference on Population and Development) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោយឆ្នាំ២០១៥ (Post 2015 Sustainable Development Goals)។ (២) ដំណើរការរៀបចំ “គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥”៖ ការធ្វើបច្ចុ​ប្បន្នភាពគោលនយោបាយជាតិប្រជាជនបានផ្តួចផ្តើមនៅឆ្នាំ២០១១ ម្តងហើយ ប៉ុន្តែកិច្ចការនេះ ត្រូវបានពន្យាពេលដោយសារតែ​មានការកែសម្រួលផ្នែក​ស្ថាប័ន​ ដែលពេលនោះស្ថិតក្នុងការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិសម្រាប់ជាជននិងការអភិវឌ្ឍ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ បន្ទាប់មកនៅខែមករា ឆ្នាំ២០១៥ យើងបានចាប់ផ្តើមពិនិត្យឡើងវិញនូវគោលនយោបាយនេះ ដោយមានការគាំទ្រពី UNFPA​ ហើយ​នៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ បានធ្វើសិក្ខាសាលា​អន្តរ​ក្រសួងលើកទី១ និង លើកទី២ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ។ 
បូកសរុប ៖
         បន្ទាប់ពីមានការយល់ព្រមលើឯកសារគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៥ យើងត្រូវការរៀបចំផែនការ​សកម្មភាពលម្អិត ដោយមានការចង្អុលបង្ហាញពីធនធាន និងពេលវេលាជាក់លាក់ដោយឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តទូលំទូលាយ ដែលទទួលបានពីក្រសួង ស្ថាប័ននានាលើការតម្រង់ទិសនយោបាយ។ សកម្មភាពចម្បងនេះត្រូវតែធ្វើភ្លាម ដែលត្រូវបម្លែងពីកម្មវិធីទៅជាសកម្មភាព ដែលត្រូវវេញបញ្ចូលទៅក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងត្រូវបានត្រួតពិនិត្យក្នុងចន្លោះពេលដែលបានកំណត់។
សេចក្តីសន្និដ្ឋាន ៖
          សិក្ខាសាលា​អន្តរក្រសួងកម្រិតនយោបាយ ​ដើម្បីពិភាក្សាលើ​សេចក្តីព្រាង “គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៥” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាល្អ។ ការពិភាក្សា​មាន​លក្ខណៈ​ផុសផុល ប្រកបដោយ​ន័យស្ថាបនាពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ ព្រមទាំងបញ្ចូលនូវភារកិច្ចរបស់ស្ថាប័នមួយចំនួនដែលពុំទាន់មានពីមុនផងដែរ ក្នុងគោលបំណងសំខាន់ជួយកែលម្អលើសេចក្តីព្រាងឯកសារ​គោលនយោបាយនេះឲ្យកាន់តែល្អប្រសើរ កាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នា ដែលអាច​អនុវត្ត​​បាន។ សិក្ខាសាលា​នេះ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃពេញ តាម​កម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តម ទួន ថាវរៈ បាន​ដឹកនាំការពិភាក្សា និងធ្វើជាអធិបតីក្នុងការបិទអង្គសិក្ខាសាលានេះ។
ជំហានបន្ទាប់ ៖
សូមគោរពសុំការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្រ្តីថា តើយើងគួរបន្តឆ្លងឯកសារ​គោលនយោ​បាយ​ជាតិប្រជាជនឆ្នាំ២០១៥ នេះ ទៅគណៈកម្មការគោលនយោបាយនិងសេដ្ឋកិច្ច  ឬ ទៅ​ទីស្តីការគណៈរដ្ឋមន្រ្តី មុននឹងដាក់ជូនសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី៕
Related Posts Plugin for WordPress, Blogger...

RECENT POST