កិច្ចប្រជុំសម្របសម្រួលអន្តរក្រសួង នៅទីស្តីការគណៈ រដ្ឋមន្ត្រី


១. គោលបំណង និង ពេលវេលា ៖
-         ទម្រង់ឯកសារគោលនយោបាយ
-              ពិភាក្សាលើខ្លឹមសារ ការកែសម្រួលពាក្យពេចន៍
-                  ការទទួលយកធាតុចូលបន្ថែមទៀតពីក្រសួងពាក់ព័ន្ធ
-                  កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម សយ សុខា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល កម្ពុជា។
២. សមាសភាពចូលរួម ៖
-                  ឯកឧត្តម សយ សុខា អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល និងក្រុមលេខាកត់ត្រា
-                           អ្នកតំណាងសមីក្រសួងមានឯកឧត្តម ទួន ថាវរៈ, ឯកឧត្តម ជា ចាន់ទុំ, ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ និងក្រុមលេខា២នាក់
-                  អ្នកតំណាងក្រសួងពាក់ព័ន្ធមានឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាច្រើននាក់ទៀត
៣. ការពិភាក្សា ៖
- កិច្ចប្រជុំនេះនៅក្រោមអធិបតីភាព ឯកឧត្តម សយ សុខា អគ្គលេខាធិការដ្ឋាន រាជរដ្ឋាភិបាល ដោយបានលើកឡើងពីសារសំខាន់នៃគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ និងថ្លែងពី ទម្ងន់ផ្នែកនយោបាយដ៏ខ្លាំងខ្លានៃឯកសារមួយនេះ ពីព្រោះបានឆ្លងកាត់កិច្ចប្រជុំចំនួន៤លើក រួចមកហើយ ដែលកិច្ចប្រជុំចុងក្រោយគឺធ្វើឡើងដោយគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-      តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងស.ក.វ(ECOSOC) បានទាមទារយ៉ាងខ្លាំងក្លាដើម្បីឲ្យ ឯកសារគោលនយោបាយជាតិប្រជាជននេះគោរពទៅតាមទម្រង់គោលនយោបាយដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់គ្រប់ក្រសួង/ស្ថាប័នទាំងអស់យកទៅអនុវត្តតាម បើមិនដូចនេះទេ មិនអាចដាក់ចូលរបៀបវីរៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានទេ។
-      តំណាងសមីក្រសួង ឯកឧត្តម ទួន ថាវរៈ បានសម្រេចមិនឯកភាពតាមទម្រង់គោលនយោបាយ នៃទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ ដោយហេតុផលថា ខ្លឹមសារនៃគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ មានលក្ខណៈពិសេសខុសពីគេ និងមានវិសាលភាពរយៈពេលវែងផង ភាពលំដាប់លំដោយផង និងអត្ថន័យមានលក្ខណៈប្រទាក់ក្រឡាគ្នាផង។ ហើយឯកឧត្តម ជា ចាន់ទុំ ក៏បានពន្យល់ពាក្យបច្ចេកទេសដែលពុំដែលធ្លាប់ប្រើពីមុនមកដូចជា “អាមេនីធី” និងពាក្យពិបាកៗ មួយចំនួនទៀតជូនអង្គប្រជុំផងដែរ។
-      ហើយក៏មានការគាំទ្រឯកភាពពីសមាជិក-សមាជិកានៃអង្គប្រជុំ ដែលបានសរសើរដល់ឯកសារ គោលនយោបាយជាតិប្រជាជន មានលក្ខណៈលំអិត គ្រប់ជ្រុងជ្រោយ អាចយកទៅអនុវត្តបាន។ ព្រមទាំងលើកឡើងថា មានឯកសារគោលនយោបាយផ្សេងទៀតជាច្រើន ដែលពុំបានធ្វើតាមទម្រង់ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ហើយនេះក៏មិនមែនជារឿងថ្មីដែរ។
-      ក្រសួងមុខងារសាធារណៈ បានលើកឡើងពីរចនាសម្ព័ន្ធការងារ ដោយចង់បញ្ចូលគណៈក្រុមប្រឹក្សា ភិបាលរាជធានី/ខេត្ត ដើម្បីអនុវត្តវិមជ្ឈការកាន់តែមានប្រសិទ្ធភាព ពីព្រោះនេះជាការផ្ទេរអំណាច ទៅថ្នាក់ក្រោមជាតិ ដើម្បីទទួលបន្ទុកតាមដាននូវការអនុវត្ត គោលនយោបាយជាតិប្រជាជន។ ប៉ុន្តែក្រសួងមហាផ្ទៃពុំឯកភាពទេ ដោយគាំទ្រនូវរចនាសម្ព័ន្ធដែលមានស្រាប់ ក្នុង​​​​​​​ឯកសារ ដោយមានហេតុផលថា នេះជាកិច្ចការងារជំនាញរបស់សមីក្រសួង ពុំពាក់ព័ន្ធជាមួយ ការងាររដ្ឋបាលរបស់ក្រុមប្រឹក្សាភិបាលរាជធានី/ខេត្តទេ ។
-      ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសួរអំពីផែនទីប្រជាសាស្ត្រក្នុងឯកសារដែលពុំមាន ខេត្តត្បូងឃ្មុំ ។ ​ឯកឧត្តមបណ្ឌិត ប៉ូច​ ប៊ុណ្ណាក់ បានពន្យល់ថាដោយសារផែនទីនេះបង្កើតឡើងផ្អែក ទៅលើទិន្នន័យជំរឿនទូទៅនូវប្រជារាស្ត្រ ដូចនេះពុំអាចបែងចែក ដាច់ដោយឡែកសម្រាប់ខេត្ត ត្បូងឃ្មុំឡើយ។ ហើយក្រសួងមហាផ្ទៃក៏ឯកភាពថា ពុំទាន់មានទិន្នន័យគ្រប់គ្រាន់សម្រាប់ខេត្ត ត្បូងឃ្មុំដែរ។
៤. លទ្ធផល ៖
-      សម្រេចលុបផែនទីប្រជាសាស្ត្រដែលមាននៅទំព័រមុខ ក្នុងឯកសារគោលនយោបាយជាតិប្រជាជន ដោយសារតែឯកសារនេះពុំមានទិន្នន័យខេត្តត្បូងឃ្មុំ ។
-      សម្រេចបន្ថែមទំព័រសន្ទានុក្រមប្រជាសាស្ត្រដែលបញ្ចូលនូវពាក្យបច្ចេកទេសពិបាកៗ មិនដែលធ្លាប់ ប្រើប្រាស់ពីមុនមក។
-      សម្រេចមិនបញ្ចូលគណៈក្រុមប្រឹក្សាភិបាលរាជធានី/ខេត្ត ដោយសារតែនេះជាកិច្ចការជំនាញ ដូចនេះអាចទំនាក់ទំនងភារៈកិច្ច មកសមីក្រសួងដោយផ្ទាល់។
-      សម្រេចមិនមានភាពចាំបាច់ត្រូវធ្វើតាម”ទម្រង់ឯកសារគោលនយោបាយ”របស់ទីស្តីការគណៈរដ្ឋ មន្ត្រីទេ ដោយសារគោលនយោបាយជាតិប្រជាជន២០១៦-២០៣០មានវិសាលភាពទូលំទូលាយ និងលក្ខណៈពិសេសផ្ទាល់ខ្លួន។
-      ចំណែកឯ ក្រសួងសុខាភិបាល ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ក្រសួងកសិកម្ម ក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលពាក់ព័ន្ធខ្លាំង ពុំមានមតិយោបល់អ្វីបន្ថែមនោះទេ។
—      សម្រេចនឹងដាក់បញ្ចូនឯកសារគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ទៅក្នុងរបៀបវីរៈ ពេញអង្គគណៈរដ្ឋមន្ត្រីនាសម័យប្រជុំថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦។
៥. បូកសរុប ៖
-      ក្រុមលេខានៅទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកទទួលបន្ទុកបានធ្វើរបាយការណ៍ និងកែសម្រួល ឯកសារគោលនយោបាយជាតិប្រជាជន។ ប៉ុន្តែដោយសារក្រសួងពាក់ព័ន្ធបានផ្តល់ធាតុចូលមកឲ្យ អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍ ដូចនេះថ្នាក់ដឹកនាំ អបអ បានទទួលធ្វើការកែសម្រួល ឯកសារជាមុនសិន បន្ទាប់មកក៏បញ្ចូនតាមសារអេឡិចត្រូនិច ឲ្យក្រុមលេខាឯកឧត្តម សយ សុខា។
-      បន្តកិច្ចសហការបន្ថែមទៀតទាក់ទងទៅនឹងឯកសារគោលនយោបាយជាតិប្រជាជននេះ មុននឹង ដាក់ឆ្លងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្ត្រី។

៦. សេចក្តីសន្និដ្ឋាន ៖
កិច្ចប្រជុំសម្របសម្រួល​អន្តរក្រសួង ​ដើម្បីពិភាក្សាលើ​សេចក្តីព្រាង “គោលនយោបាយជាតិប្រជាជន” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាល្អ។ ការពិភាក្សា​មាន​លក្ខណៈ​ផុសផុល ប្រកបដោយ​ន័យស្ថាបនា ក្នុងគោលបំណងជួយកែលម្អលើសេចក្តីព្រាងឯកសារ​គោលនយោបាយ នេះឲ្យកាន់តែល្អ ប្រសើរ កាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នា ដែលអាច​អនុវត្ត​​បាន។ ឯកឧត្តម សយ សុខា បានថ្លែងថា នេះជាមោទនភាពមួយ ដែលមានឯកសារ ”គោលនយោបាយជាតិប្រជាជន២០១៦-២០៣០” របស់ក្រសួងផែនការ នឹងត្រូវបានដាក់បញ្ចូលក្នុងរបៀបវីរៈមុនដំបូងគេនាដើមឆ្នាំ២០១៦នេះ។
៧. កិច្ចការបន្ទាប់ ៖

         ដោយមានការឯកភាព នៅក្នុងកិច្ចប្រជុំសម្របសម្រួលនាទីស្តីការគណៈរដ្ឋមន្ត្រីរួចមកគឺថា ក្រោយពីកែសម្រួលឯកសារគោលនយោបាយនេះរួចហើយ នឹងដាក់ចូលក្នុងរបៀបវីរៈកិច្ចប្រជុំពេញអង្គ ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។ 
Related Posts Plugin for WordPress, Blogger...

RECENT POST